Quick Service, Quality Work, We Answer our Phones 24/7

 

សាររបស់នាយកសាលា

សូមជម្រាបសួរ សិស្សានុសិស្ស  មាតាបិតា/អ្នកអាណាព្យាបាលសិស្ស​  លោក-លោកស្រី អ្នកនាងកញ្ញាជាទីគោរព និងជាទីរាប់អាន!

ខ្ញុំបាទឈ្មោះ ឃុន ជឿន ដែលជាស្ថាបនិកមួយរូបក្នុងចំណោមស្ថាបនិកទាំងអស់ ហើយក៏ជានាយកសាលានៃ សាលាអន្តរជាតិ អេឡេហ្គឹន ពិតជាមានកិត្តិយសដ៏ធំធេង ដែលបានណែនាំ និងស្វាគមន៍សិស្សានុសិស្សអ្នកអាណាព្យាបាល សិស្ស​  លោក-លោកស្រី អ្នកនាងកញ្ញា មកកាន់សាលាអន្តរជាតិ អេឡេហ្គឹន។

ស្ថាបនិកចំនួនបីរូបផ្សេងទៀតនៃសាលាអន្តរជាតិ អេឡេហ្គឹនមានដូចជា លោក សួង សុខហ៊ាង លោក ឈីម គន្ធា  និង លោក អ៊ុយ សុខលី ព្រមទាំងរូបខ្ញុំបាទ ឃុន ជឿន​ បានបង្កើត និងបើកសាលានេះឡើង​ នៅខែសីហា ឆ្នាំ២០១៦ ក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងដើម្បីគាំទ្រដល់វឌ្ឍនភាព នៃប្រទេសកម្ពុជា។ យើងពិតជាមានការជឿជាក់ យ៉ាងខ្លាំង ក្នុងការធ្វើអោយប្រសើរឡើង នៅក្នុងវិស័យអប់រំ។ យើងបានប្តេជ្ញាចិត្ត និងតាំងចិត្តយ៉ាងមុតមាំក្នុងការផ្តល់ការបង្រៀន និងរៀនដ៏ល្អបំផុត នៅសាលាអន្តរជាតិ អេឡេហ្គឹន។ យើងមានកិត្តិយសយ៉ាងខ្លាំង ដែលបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មា-ធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និង​សហការជាមួយ​សាលារៀន និងសកលវិទ្យាល័យជាច្រើន ក្នុងបណ្តាប្រទេសមួយចំនួន ដូចជា ចក្រភពអង់គ្លេស កាណាដា អូស្រ្តាលី សហរដ្ឋអាមេរិក និងសិង្ហបុរី ក្នុងគោលបំណងដើម្បីលើកកម្ពស់ និងពង្រឹងការអប់រំដល់សិស្សានុសិស្សកម្ពុជាជំនាន់ក្រោយ។

ដើម្បីបំពេញតម្រូវការប្អូនៗសិស្សានុសិស្ស អ្នកអាណាព្យាបាល មាតាបិតា សង្គម និងប្រទេសជាតិ សាលាយើងបានដាក់ចេញនូវកម្មវិធីសិក្សាចំនួន៣សំខាន់ៗគឺ

១. កម្មវិធីចំណេះទូទៅអន្តរជាតិ

២. កម្មវិធីចំណេះទូទៅភាសាខ្មែរ 

៣. កម្មវិធីភាសាអង់គ្លេស-ចិនទូទៅ ទាំងពេញម៉ោង និងក្រៅម៉ោង។

សិស្សានុសិស្សទាំងអស់ដែលសិក្សានៅសាលាអន្តរជាតិ អេឡេហ្គឹន នឹងទទួលបានចំណេះដឹងផ្នែកភាសាអង់គ្លេស-ចិនយ៉ាងស្ទាត់ជំនាញ  ចំណេះដឹងទូទៅភាសាខ្មែរ ការគិតពិចារណាស៊ីជម្រៅ ជំនាញភាពជាអ្នកដឹកនាំ និងជំនាញបច្ចេកវិទ្យាផ្សេងៗទៀត។ សាលាក៏បានលើកកម្ពស់ទាំងការអប់រំសីលធម៌ និងការអប់រំអត្តចរិក ដោយការបង្រៀនមុខវិជ្ជាសិក្សាសង្គម និងកម្មវិធីទម្លាប់ល្អទាំង៧ នៃបុគ្គលឆ្នើម។ ការអប់រំសីលធម៌ អត្តចរិក និងកម្មវិធីទម្លាប់ល្អទាំង៧នៃបុគ្គលឆ្នើម អាចធ្វើឲ្យសិស្សានុសិស្ស យល់ដឹងពីអត្តសញ្ញាណខ្មែរ នៅក្នុងក្របខ័ណ្ឌអន្តរជាតិ  អាចធ្វើឲ្យពួកគាត់ស្រលាញ់ប្រទេសរបស់ខ្លួន គោរពច្បាប់ជាតិ អនុវត្តបទបញ្ជាផ្ទៃក្នុង និងច្បាប់សាលា ជំរុញអោយមានសាមគ្គីភាពរវាងសិស្ស  គ្រូ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ និងមានភាពជាអ្នកដឹកនាំខ្លួនឯងផងដែរ។ លើសពីនេះទៅទៀត សិស្សានុសិស្ស នឹងរៀនមិនអោយមានការរើសអើងទៅលើពូជសាស្ត្រ  វណ្ណៈសង្គមជាដើម។ ពួកគេត្រូវបានបង្រៀនឲ្យចេះបង្កើតទំនាក់ទំនងល្អរវាងសាលារៀន ​គ្រួសារ និងសង្គម។ ប្អូនៗសិស្សានុសិស្ស នឹងទទួលបានភាពជោគជ័យលើការសិក្សាតាមរយៈការផ្តោតលើមុំទាំងបីធំៗ នៃគុណភាពអប់រំ របស់សាលាអន្តរជាតិ អេឡេហ្គឹន ដូចជា ការទទួលបានចំណេះដឹងពីសាលា ការទទួលបានចំណេះដឹងពីសង្គម និងការទទួលបានចំណេះដឹងពីស្វ័យសិក្សា ដោយមានការចូលរួមយ៉ាងសកម្មពីមាតាបិតា/អ្នកអាណាព្យាបាល ក្នុងការជំរុញលើកទឹកចិត្ត ក្នុងកិច្ចការសិក្សារបស់ប្អូនៗសិស្សានុសិស្ស។ ប្អូនៗសិស្សានុសិស្ស របស់សាលាអន្តរជាតិ អេឡេហ្គឹន ដែលជាទំពាំងស្នងឬស្សី​ និងជាសសរទ្រូងរបស់ប្រទេសជាតិ ក៏ដូចជាសសរទ្រូងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិទាំងមូល នឹងក្លាយជាអនាគតនៃអ្នកដឹកនាំដ៏ឆ្នើម ដែលពោរពេញដោយចំណេះដឹង  គុណភាព  សមត្ថភាព  ឧត្តមភាព  សីលធម៌ និងគុណធម៌។

លោកគ្រូ-​អ្នកគ្រូរបស់ពួកយើងទាំងក្នុង និងក្រៅស្រុក គឺពោរពេញទៅដោយសមត្ថភាពខ្ពស់ដោយពួកគាត់បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រអប់រំ ព្រមទាំងមានបទពិសោធន៍បង្រៀន ដែលអាចផ្តល់ការបង្រៀនប្រកបដោយគុណភាព និងប្រសិទ្ធភាព ដល់សិស្សានុសិស្សរបស់ពួកយើង។ សាលារៀនយើង ជាសាលាដែលបង្រៀន និងរៀនតាមបែបសម័យទំនើប ហើយបន្ទប់នីមួយៗ គឺត្រូវបានបំពាក់ដោយ​ឧបករណ៍បញ្ចាំងស្លាយ និងប្រព័ន្ធសម្លេង។

សាលាមានអាងហែលទឹក​ សួនជីវៈចំរុះ រោងជាង ផ្ទះបាយ បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ  បន្ទប់តន្រ្តី  បន្ទប់ហាត់ស្តាប់ រោងកុនខ្នាតតូច បន្ទប់អនុវត្តន៍កុំព្យូទ័រ បណ្ណាល័យធំទូលាយ និងបន្ទប់សង្រ្គោះបឋម ហើយគ្រប់បន្ទប់ទាំងអស់មានម៉ាស៊ីនត្រជាក់ចំនួនពីរគ្រឿង ដើម្បីធ្វើអោយមានភាពងាយស្រួល ក្នុងការរៀន និងការបង្រៀន។

ពួកយើងខ្ញុំទាំងអស់គ្នាតែងតែទន្ទឹងរង់ចាំស្វាគម៍សិស្សានុសិស្ស  អ្នកអាណាព្យាបាលសិស្ស​  លោក លោកស្រី អ្នកនាងកញ្ញាមកទស្សនា​ និងចុះឈ្មោះចូលរៀន នៅសាលារបស់យើងខ្ញុំ។

ពួកយើងខ្ញុំទាំងអស់គ្នាសូមជូនពរសិស្សានុសិស្ស  អ្នកអាណាព្យាបាលសិស្ស​ មាតាបិតា លោក លោកស្រី អ្នកនាងកញ្ញាឲ្យជួបតែសំណាងល្អ  សុខភាពល្អ និងទទួលបានភាពជោគជ័យ។
លោក ឃុន ជឿន

 

ស្ថាបនិក និង នាយកសាលាអន្តរជាតិ អេឡេហ្គឹន